ព័ត៌មានក្នុងដៃលោកអ្នក

រដ្ឋមន្រ្តីសុខាភិបាល៖ ការតម្លើងឋានន្តរសក្តិ និងថ្នាក់មន្រ្តីសុខាភិបាល គឺជាការទទួលស្គាល់នូវតម្លៃវិជ្ជាជីវៈ និងជាការចូលរួមលើកកម្ពស់គុណភាពសេវា និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល ដោយលោកបានលើកឡើងថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គសុខាភិបាល បានរៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ និងផ្អែកលើស្ថានភាពបច្ចុប្បន្ន នៃវិស័យសុខាភិបាល វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា សំដៅគាំទ្រការងារគ្រប់គ្រងមន្រ្តីសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាព ជាពិសេសមន្ត្រីទទួលបន្ទុកការងារធនធានមនុស្ស ស្វែងយល់សារៈសំខាន់ និងយល់ដឹងច្បាស់លាស់នូវខ្លឹមសារ ពីសិក្ខាសាលានេះ សម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តការងារគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍអាជីពរបស់មន្ត្រីសុខាភិបាល ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងក្នុងការបង្កើនប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស នៃអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស នៃក្រសួងមុខងារសាធារណៈ និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំនូវព្រះរាជក្រឹត្យនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល មានអានុភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ នឹងផ្តល់អត្ថប្រយោជន៍ និងគុណតម្លៃដល់មន្រ្តីសុខាភិបាល និងលើកទឹកចិត្តដល់អ្នកវិជ្ជាជីវៈសុខាភិបាលដែលមានសមត្ថភាពខ្ពស់ ឱ្យចូលបម្រើការងារជាមន្ត្រីសុខាភិបាល។ បន្ថែមពីនេះ ការលើកទឹកចិត្តមន្ត្រីរាជការនៃអង្គសុខាភិបាល ដែលត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងមន្ត្រីជាប់កិច្ចសន្យា ស្របតាមការវិវត្តអាជីពនាពេលបច្ចុប្បន្ន នឹងត្រូវបញ្ចូលទៅក្នុងឋានន្តរសក្តិ និងថ្នាក់ ផ្អែកលើអតីតភាពការងារក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល ដោយយកមូលដ្ឋាន ៣ឆ្នាំ សម្រាប់ផ្តល់ជូន១ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង