ព័ត៌មានក្នុងដៃលោកអ្នក

ទឹកជំនន់​! ក្រសួងសុខាភិបាល ​រំលឹកពលរដ្ឋឱ្យប្រយ័ត្នជំងឺឆ្លង សត្វអសិរពិស​ និងគ្រោះថ្នាក់នានា

ភ្នំពេញ៖ គ្រោះទឹកជំនន់ បង្កហានិភ័យដល់សុខភាព តាមរយៈជំងឺឆ្លង ទឹកមិនស្អាត និងសត្វអសិរពិស។ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែសីហា បានណែនាំប្រជាពលរដ្ឋ​ឱ្យប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារសុខភាព មុន អំឡុង និងក្រោយពេលទឹកជំនន់។

ការណែនាំនេះធ្វើឡើងស្របពេលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងជាបន្តបន្ទាប់ ពីស្ថានភាពភ្លៀងធ្លាក់ច្រើននៅកម្ពុជា ដែលអាចបង្កជាជំនន់ទឹកភ្លៀងរហ័សនៅតំបន់ទំនាប និងធ្វើឱ្យកម្រិតទឹកស្ទឹង ព្រែក និងទន្លេកើនឡើងខ្ពស់។ ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ថានភាពទាំងនេះ អាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ។

មុនពេលទឹកជំនន់ ក្រសួងណែនាំឱ្យប្រជាពលរដ្ឋ តាមដានស្ថានភាពទឹកជំនន់ជាប្រចាំ ត្រៀមទីទួលសុវត្ថិភាព ព្រមទាំងបម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់។ ប្រជាពលរដ្ឋគួរធ្វើរបង ឬបោះបង្គោលសម្គាល់ជុំវិញស្រះ និងកន្លែងដែលមានទឹកជ្រៅ ហើយថែរក្សាបរិស្ថានជុំវិញផ្ទះឱ្យស្អាត ព្រមទាំងសាងសង់បង្គន់ឱ្យបានខ្ពស់ ដើម្បីកាត់បន្ថយការប៉ះពាល់ពីទឹកជំនន់។

អំឡុងពេលទឹកជំនន់ ប្រជាពលរដ្ឋត្រូវប្រយ័ត្នសុវត្ថិភាពនៅក្នុងផ្ទះ និងអគារ ដោយមិនត្រូវចូលទៅក្នុងផ្ទះ ឬអគារដែលទ្រុឌទ្រោម ព្រោះអាចបាក់ស្រុត។ ក្រសួងក៏ហាមមិនឱ្យប៉ះឧបករណ៍អគ្គិសនីដោយដៃសើម ឬនៅពេលកំពុងឈរក្នុងទឹក ដើម្បីចៀសវាងគ្រោះថ្នាក់ដោយចរន្តអគ្គិសនី។

ចំពោះការការពារជំងឺ ក្រសួងណែនាំឱ្យប្រជាពលរដ្ឋសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗដែលអាចបណ្តាលពីមូស។ ពលរដ្ឋក៏ត្រូវងូតទឹក និងដុសសាប៊ូឱ្យបានស្អាត ដើម្បីបង្ការជំងឺសើស្បែក និងកមរមាស់។

ជាមួយគ្នានេះ ស្ត្រីមានផ្ទៃពោះត្រូវបន្តតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់។ ប្រសិនបើជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ចំណែកកុមារ ត្រូវបន្តទទួលថ្នាំបង្ការតាមកាលកំណត់ និងទទួលអាហារដោយរក្សាអនាម័យ។

សម្រាប់មនុស្សចាស់ កុមារ និងជនមានពិការភាព ក្រសួងណែនាំឱ្យក្រុមគ្រួសារយកចិត្តទុកដាក់ជួយ និងត្រៀមឧបករណ៍ចាំបាច់ ដូចជា ឈើច្រត់ រទេះរុញ និងឱសថដែលពួកគេកំពុងប្រើប្រាស់ជាប្រចាំ។

ការធ្វើដំណើរតាមផ្លូវទឹកក៏ត្រូវបង្កើនការប្រុងប្រយ័ត្ន។ ក្រសួងណែនាំថា ទូក ឬកាណូត មិនត្រូវដាក់មនុស្សលើសចំណុះឡើយ។ ប្រសិនបើធ្វើដំណើរពេលយប់ ត្រូវមានភ្លើងបំភ្លឺ និងពាក់អាវពោងសុវត្ថិភាពជានិច្ច។

ក្រៅពីនេះ ប្រជាពលរដ្ឋត្រូវប្រយ័ត្នពស់ និងសត្វអសិរពិស ដែលអាចលាក់ខ្លួននៅតាមកន្លែងមានទឹក ឬគំនរឈើ។ មុនចូលទៅកាន់ទីទួលសុវត្ថិភាព ឬកន្លែងដែលអាចមានសត្វលាក់ខ្លួន ត្រូវពិនិត្យឱ្យបានត្រឹមត្រូវ។ នៅពេលធ្វើដំណើរពេលយប់ គួរស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ប្រសិនបើត្រូវពស់ចឹក ឬសត្វអសិរពិសទិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់។

ចំពោះទឹក និងចំណីអាហារ ក្រសួងសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាត ដោយអាចប្រើធុងចម្រោះ ដាំទឹកឱ្យពុះ ឬប្រើថ្នាំក្លរីន ឬក្លរ៉ាមីនតាមការណែនាំ។ ក្នុងសេចក្តីប្រកាស ក្រសួងបញ្ជាក់ថា ថ្នាំក្លរ៉ាមីន ៥០០មីលីក្រាម ចំនួន២គ្រាប់ អាចលាយជាមួយទឹក២០លីត្រ ហើយទុករយៈពេល៣០នាទី មុនយកមកប្រើប្រាស់។

ក្រសួងក៏ណែនាំឱ្យលាងសម្អាតបន្លែ និងផ្លែឈើ ចម្អិនអាហារឱ្យឆ្អិនល្អ និងគ្របអាហារឱ្យបានជិត។ ការលាងដៃជាមួយសាប៊ូត្រូវធ្វើឱ្យបានញឹកញាប់ ជាពិសេសមុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់ ដើម្បីកាត់បន្ថយហានិភ័យជំងឺរាក រាកមូល ពុលចំណីអាហារ និងជំងឺផ្សេងៗ។

ក្រោយពេលទឹកជំនន់ ក្រសួងណែនាំឱ្យប្រជាពលរដ្ឋកុំបន្ធូរការប្រុងប្រយ័ត្ន។ ត្រូវបន្តប្រើប្រាស់ទឹក និងចំណីអាហារស្អាត សម្រាន្តក្នុងមុង និងរក្សាអនាម័យខ្លួនប្រាណ។ ផ្ទះត្រូវពិនិត្យមើលរកកន្លែងដែលអាចបាក់ស្រុត និងប្រយ័ត្នសត្វអសិរពិសដែលអាចបង្កប់ខ្លួននៅក្នុងផ្ទះ ឬជុំវិញបរិវេណ។

បរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះក៏ត្រូវសម្អាតឱ្យបានល្អ ដោយជៀសវាងការដក់ទឹក ដែលអាចបង្កើតជាកន្លែងបង្កាត់ពូជមូសខ្លា និងមូសដែកគោល ដែលអាចចម្លងជំងឺគ្រុនឈាម និងគ្រុនចាញ់។ អណ្តូងទឹកត្រូវស្តារ និងសម្អាតមុនយកមកប្រើប្រាស់ឡើងវិញ ហើយត្រូវជួសជុលបង្គន់ និងបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។

ក្រសួងសុខាភិបាលបញ្ជាក់ថា នៅគ្រប់ដំណាក់កាល ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព គួរស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។

សម្រាប់ព័ត៌មានបន្ថែម ពលរដ្ឋអាចតាមដានព័ត៌មានសុខភាពសាធារណៈតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។ ក្នុងករណីបន្ទាន់ អាចទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥ ដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង