ថៃ បង្ហើបវិធីសាស្រ្តថ្មី ដើម្បីលួងចិត្តក្រុមផ្តាច់ខ្លួន ភាគខាងត្បូង

0

អន្តរជាតិ៖ ការចរចាគ្នារវាងរដ្ឋាភិបាលទីក្រុងបាងកក និងក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃ ដែលគ្រោងធ្វើឡើងនាខែកញ្ញាខាងមុខ បែរជាត្រូវប្រកាសផ្អាកវិញយ៉ាងតក់ក្រហល់ជាទីបំផុត បន្ទាប់ពីការវាយប្រហារនៅខេត្ត Narathiwat ផ្តាច់ជីវិតទាហានឈុតខ្មៅ ៥នាក់។

ការវាយប្រហារដ៏សាហាវនោះ ត្រូវបានមន្ត្រីរដ្ឋាភិបាលរបស់អានុទីន ចាត់ទុកជាអំពើភេរវកម្ម ដែលធ្ងន់ធ្ងរហួសពីការទទួលយកបាន ទើបលុបចោលការចរចាវិញ ដ្បិតមានប្រទេសម៉ាឡេស៊ី ជាអ្នកសម្របសម្រួលក៏ដោយ។

ទោះបែបនេះ លក្ខខណ្ឌនៃការចរចាដែលគ្រោងទុកនោះ ក៏មិនច្បាស់លាស់ ហើយតំណាងក្រុមផ្តាច់ខ្លួន ក៏មិនបកស្រាយអ្វីច្រើនដែរ។

យ៉ាងណា ឥឡូវមានការបង្ហើបថា ទោះគ្មានការចរចាគ្នានោះមែន តែថៃមានវិធីសាស្រ្តថ្មី ដើម្បីនិយាយជាមួយក្រុមផ្តាច់ខ្លួន ដើម្បីលួងចិត្ត និងទប់ស្កាត់កុំឲ្យមានអំពើហិង្សាកើតឡើងជាបន្តទៀត ឈានដល់ការស្តារកិច្ចចរចាឡើងវិញ។

លោក Thanut Suvarnananda ប្រធានភ្នាក់ងារព័ត៌មានវិទ្យាជាតិថៃ ដែលត្រូវបានតែងតាំងជាតំណាងរដ្ឋាភិបាលក្រុងបាងកក ដើម្បីទៅចរចាជាមួយក្រុមប្រដាប់អាវុធ Barisan Revolusi Nasional (BRN) បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ថា ថៃត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រដោះស្រាយជម្លោះ នៅភាគខាងត្បូង ដោយផ្លាស់ពីការដោះដូរផលប្រយោជន៍បណ្តោះអាសន្ន ទៅជាការដោះស្រាយឫសគល់នយោបាយ និងការស្វែងរក ទម្រង់គ្រប់គ្រងឬស្វ័យគ្រប់គ្រងដ៏សមស្រប សម្រាប់តំបន់នេះ។

ម្យ៉ាង លោក Thanut ចង់បង្វែរក្រុមប្រដាប់អាវុធ BRN ពី «គូប្រជែង» ឲ្យទៅជា «ដៃគូ» វិញ ព្រមទាំងកំពុងពិចារណា លើការលើកលែងទោស ឬកាត់បន្ថយទោសដល់សមាជិកក្រុមប្រដាប់អាវុធ និងការពិនិត្យឡើងវិញ នូវវិធានការសន្តិសុខរឹតត្បិតនានា ក៏ដូចជាសម្បទានផ្នែកនយោបាយផងដែរ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ ២០០៤ មក រលកថ្មីនៃជម្លោះប្រដាប់អាវុធ ដែលដឹកនាំដោយក្រុម BRN នៅភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្សអស់ជាង ៧ ៨០០នាក់ ខណៈកិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយម៉ាឡេស៊ី តាំងពីឆ្នាំ ២០១៣ មក ក៏តែងតែជាប់គាំង មិនអាចរកផ្លូវចេញឃើញដែរ៕

ប្រភព៖ Bangkok Post

Leave A Reply

Your email address will not be published.