មនុស្សរាប់លាននាក់ កំពុងប្រឈមនឹងហានិភ័យមានបញ្ហាសុខភាពផ្លូវដង្ហើម ដែលបង្កឡើងដោយផ្សែងខ្មៅខ្មួរខ្មាញ់ ហុយចេញពីភ្លើងឆេះព្រៃ។ ដោយបាតុភូតធម្មជាតិអែលនីញ៉ូ ឥណ្ឌូណេស៊ីរងគ្រោះភ្លើងឆេះព្រៃនៅជាច្រើនខេត្ត តាំងពីជាច្រើនសប្តាហ៍មកហើយ។ នេះបើតាមសេចក្តីប្រកាសរបស់អាជ្ញាធរឥណ្ឌូណេស៊ី។
តាំងពីជាច្រើនសប្តាហ៍មកនេះ ឥណ្ឌូណេស៊ី បានរងគ្រោះភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ស្ទើរមិនធ្លាប់មាន។ ភ្លើងព្រៃដ៏កំណាច បានបញ្ចេញផ្សែងហុយគ្របដណ្តប់ពេញលើផ្ទៃមេឃ និងរំខានដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ រហូតដល់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីជិតខាង។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ឥណ្ឌូណេស៊ី នៅថ្ងៃពុធទី២៦ ខែសីហា មានយ៉ាងហោចប្រជាពលរដ្ឋ ៣លាន៤សែននាក់ នៅឥណ្ឌូណេស៊ី ត្រូវប្រឈមនឹងគ្រោះរលាកផ្លូវដង្ហើម បង្កឡើងដោយផ្សែងនៃភ្លើងឆេះព្រៃនេះ។ មនុស្សរាប់សិបពាន់នាក់បានមកទទួលការព្យាបាលរួចហើយ។
រលាកផ្លូវដង្ហើម ក្អក ឈឺភ្នែក សុទ្ធសឹងជាអាការៈដែលបង្កឡើងដោយផ្សែងនៃភ្លើងព្រៃ។ ហេតុដូច្នេះហើយ បានជាអាជ្ញាធរក្រុងប៉េកាង់បារ៉ុ និងខេត្តជិតខាងនៃកោះស៊ូម៉ាត្រា បានសម្រេចបិទសាលារៀន យ៉ាងហោចរហូតដល់ដំណាច់សប្តាហ៍ និងណែនាំឱ្យប្រជាពលរដ្ឋសំងំនៅតែក្នុងផ្ទះ ព្រមទាំងចែកចាយម៉ាសជាង២០ម៉ឺន ដល់ប្រជាជនរស់ក្នុងតំបន់រងគ្រោះធ្ងន់ធ្ងរខ្លាំង។
សូមបញ្ជាក់ថាផ្សែងនៃភ្លើងព្រៃ អាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ប្រមាណពី ២ទៅ១០ដង លើសខ្យល់ពុលក្នុងបរិយាកាសធម្មតា។ ផ្សែងមានផ្ទុកសមាសធាតុគីមីពុល កាបោន និងធាតុល្អិតនិចលដ៏តូចឆ្មារ ដែលអាចជ្រៀតចូលបានយ៉ាងជ្រៅ ទៅក្នុងប្រព័ន្ធផ្លូវដកដង្ហើម។ ខ្យល់អាចបក់ផ្សែងភ្លើងឱ្យរសាត់បានឆ្ងាយ ដល់រាប់ពាន់គីឡូម៉ែត្រ។
ដោយបានប្រើគ្រប់មធ្យោបាយដែលមាន ដូចជាឧទ្ធម្ភាគចក្រ យន្តហោះ និងឡានពន្លត់អគ្គិភ័យ រាប់សិបគ្រឿង ព្រមទាំងបញ្ចេញកម្លាំងកងទ័ពជាង ១ ៥០០នាក់ មកជួយធ្វើអន្តរាគមន៍ កងពន្លត់អគ្គិភ័យ ហាក់ចាប់ផ្តើមគ្រប់គ្រងភ្លើងព្រៃ បាននៅពេលនេះ។ នេះបើតាមប្រសាសន៍ របស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ នៅថ្ងៃអង្គារ ទី២៥ ខែសីហា។
ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី ច្រើនតែឆាបឆេះឡើង ដោយប្រពៃណីដុតកាប់ឆ្ការសម្អាតដីកសិកម្ម តែបាតុភូតអាកាសធាតុអែលនីញ៉ូ បានមកពន្លឿនភ្លើងព្រៃ ឱ្យកាន់តែកំណាចនិងសន្ធោសន្ធៅខ្លាំង។ នៅរវាងពីខែមករា ដល់ខែកក្កដា ២០២៦ ភ្លើងបានឆាបឆេះព្រៃឥណ្ឌូណេស៊ីអស់ជាង២០ម៉ឺនហិកតា ពោលគឺច្រើនជាងការបាត់បង់ព្រៃ ក្នុងពេលមានបាតុភូតអែលនីញ៉ូកាល ពីឆ្នាំ២០១៩ ដល់២០២៣ ស្រេចទៅហើយ។ អែលនីញ៉ូ ជាបាតុភូតធម្មជាតិ ដែលបូកផ្សំ នឹងការប្រែប្រួលអាកាសធាតុ បានបង្កឱ្យមានការប្តូរផ្លាស់កម្លាំងខ្យល់ សម្ពាធបរិយាកាស និងរបបទឹកភ្លៀង ព្រមទាំងធ្វើឱ្យឥណ្ឌូណេស៊ី ត្រូវរងភាពរាំងស្ងួតខ្លាំង ងាយរាលដាលទៅជាគ្រោះភ្លើងឆេះព្រៃ៕