មន្ត្រីគយចាប់បានជនជាតិម៉ាឡេស៊ីម្នាក់ ជាមួយហេរ៉ូអ៊ីន ៨១កញ្ចប់ ទម្ងន់ ៥៧០ក្រាម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីគយនិងរដ្ឋាករ ប្រចាំស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រួតពិនិត្យអ្នកដំណើរភេទប្រុស សញ្ជាតិម៉ាឡេស៊ីម្នាក់ ដែលកំពុងធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅកោះតៃវ៉ាន់។ ជាលទ្ធផល មន្ត្រីគយបានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន៨១កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ក្រាម ដែលលាក់ទុកក្នុងសម្ភារៈរបស់ជនសង្ស័យ។
ក្រោយបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច មន្ត្រីគយនិងរដ្ឋាករ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលជំនាញប្រឆាំងគ្រឿងញៀនមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។