ប្រមុខការទូតវៀតណាម Le Hoai Trung បានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដែលកំពុងប្រឹងប្រែងចូលរួមក្នុងឆាកអន្តរជាតិ និងការទទួលស្គាល់ឡើងវិញ។ ភាគីទាំងពីរ ក៏បញ្ជាក់ជាថ្មី ពីការបន្តរក្សាទំនាក់ទំនងជាមិត្តភាពល្អ និងគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។ អ្នកការទូតវៀតណាម ក៏អញ្ជើញប្រធានាធិបតី មីន អ៊ុងឡាំង ទៅធ្វើទស្សនកិច្ចនៅហាណូយនៅពេលខាងមុខ។
អំឡុងទស្សនកិច្ចនៅរដ្ឋធានីណៃពិដោ នៅថ្ងៃទី២៦ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា មីន អ៊ុងឡាំង នៅវិមានប្រធានាធិបតី ដែលក្នុងនោះមេដឹកនាំមីយ៉ាន់ម៉ាបង្ហាញក្តីរីករាយចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាម។ បើតាមសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar លោក មីន អ៊ុងឡាំង លើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនងទូតជាប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង ហើយមានប្រវត្តិសាស្ត្រតស៊ូទាមទារឯករាជ្យដូចគ្នា ព្រមទាំងមានវប្បធម៌ និងសាសនាស្រដៀងគ្នាជាច្រើន។
ប្រមុខដឹកនាំមីយ៉ាន់ម៉ារូបនេះបន្តថា កិច្ចសហការលើវិស័យការពារជាតិ និងទំនាក់ទំនងរវាងប្រទេសទាំងពីរតែងតែត្រូវបានពង្រឹងជាបន្តបន្ទាប់ផងដែរ។
ជាការឆ្លើយតប លោក Le Hoai Trung ប្រគល់លិខិតអញ្ជើញរបស់ប្រធានាធិបតី តូ ឡិម ជូនលោក មីន អ៊ុងឡាំង ទៅបំពេញទស្សនកិច្ចនៅវៀតណាម។ លោក Trung បញ្ជាក់ទៀតថា វៀតណាមតែងតែឱ្យតម្លៃខ្ពស់លើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិសម្រេចរបស់មីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ាអាចទុកចិត្តលើវៀតណាមជាដៃគូដ៏រឹងមាំបានជានិច្ច។
ជំនួបដដែលក៏ផ្ដោតលើការលើកកម្ពស់ទំនាក់ទំនងរវាងរដ្ឋាភិបាល សភា កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កសាងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគថ្មីៗបន្ថែមទៀត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការចូលរួមរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូល CLMV និងកិច្ចប្រជុំកំពូល ACMECS ដែលនឹងរៀបចំឡើងនៅវៀតណាម ព្រមទាំងការបន្តកិច្ចខិតខំប្រឹងប្រែងធ្វើការងារជិតស្និទ្ធជាមួយអាស៊ាននាពេលខាងមុខផងដែរ។
មីយ៉ាន់ម៉ា នៅតែប្រឈមមុខនឹងការរះគន់ពីអន្តរជាតិ ចាប់តាំងពីយោធាបានក្តោបក្តាប់អំណាចកាលពីឆ្នាំ២០២១។ ការបោះឆ្នោតនៅដើមឆ្នាំនេះដែលបើកផ្លូវដល់ការបង្កើតរដ្ឋាភិបាលស៊ីវិលនោះ នៅតែមិនអាចលុបលាងមុខមាត់ប្រទេសដដែល។ ក្រោយក្លាយជាប្រធានាធិបតី លោក មីន អ៊ុងឡាំង ធ្វើទស្សនកិច្ចនៅបរទេសជាបន្តបន្ទាប់ដូចជាថៃ ឡាវ និងចិនជាដើម៕