ព័ត៌មានក្នុងដៃលោកអ្នក

ភ្លើង​ឆេះ​ព្រៃនៅ​​ឥណ្ឌូណេស៊ី បង្ក​ឱ្យ​ពលរដ្ឋរាប់​លាននាក់​មាន​បញ្ហា​សុខភាព

មនុស្ស​រាប់​លាន​នាក់​ កំពុង​ប្រឈម​នឹង​ហានិភ័យ​​មាន​បញ្ហា​សុខភាពផ្លូវ​ដង្ហើម​ ដែល​បង្ក​ឡើង​ដោយ​ផ្សែង​ខ្មៅ​ខ្មួរខ្មាញ់ ហុយចេញ​ពី​ភ្លើង​ឆេះ​ព្រៃ។ ដោយ​បាតុភូតធម្មជាតិ​​​អែលនីញ៉ូ​ ឥណ្ឌូណេស៊ី​រងគ្រោះ​ភ្លើងឆេះ​ព្រៃ​នៅ​ជា​ច្រើន​ខេត្ត​​ តាំងពី​ជា​ច្រើន​សប្តាហ៍​មកហើយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ឥណ្ឌូណេស៊ី។

តាំងពី​ជា​ច្រើន​សប្តាហ៍មក​នេះ ​ឥណ្ឌូណេស៊ី បាន​រងគ្រោះ​ភ្លើង​ឆេះ​ព្រៃ​​យ៉ាង​សន្ធោសន្ធៅ ស្ទើរ​មិនធ្លាប់​មាន។ ភ្លើង​ព្រៃ​ដ៏​កំណាច ​បាន​បញ្ចេញ​ផ្សែង​ហុយ​គ្របដណ្តប់​ពេញ​លើ​ផ្ទៃមេឃ​ និង​រំខាន​ដល់​ជីវិត​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ រហូត​ដល់​ប្រទេស​ម៉ាឡេស៊ី ​និង​សិង្ហបុរី​ជិត​ខាង។
បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃពុធទី​២៦​ ខែសីហា​ មាន​យ៉ាង​ហោច​ប្រជាពលរដ្ឋ ៣លាន​៤​សែន​នាក់​ នៅ​ឥណ្ឌូណេស៊ី ត្រូវ​ប្រឈម​នឹង​គ្រោះ​រលាក​ផ្លូវ​ដង្ហើម ​បង្ក​ឡើង​ដោយ​ផ្សែង​នៃ​ភ្លើង​ឆេះព្រៃ​នេះ។ មនុស្ស​រាប់​សិប​ពាន់​នាក់​បាន​មក​ទទួល​ការព្យាបាល​រួច​ហើយ។

រលាកផ្លូវដង្ហើម ក្អក ឈឺ​ភ្នែក សុទ្ធ​សឹង​ជា​អាការៈ​ដែល​បង្ក​ឡើង​ដោយផ្សែង​នៃ​ភ្លើង​ព្រៃ។ ហេតុដូច្នេះហើយ​ បាន​ជា​អាជ្ញាធរ​ក្រុង​ប៉េកាង់បារ៉ុ និង​ខេត្ត​ជិត​ខាង​នៃ​កោះ​ស៊ូម៉ាត្រា ​បាន​សម្រេច​បិទ​សាលា​រៀន យ៉ាង​ហោច​រហូត​ដល់​ដំណាច់​សប្តាហ៍​ និង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​សំងំ​នៅតែ​ក្នុង​ផ្ទះ​ ព្រមទាំង​ចែកចាយ​ម៉ាស​ជាង​២០ម៉ឺន​ ដល់​ប្រជាជន​រស់​ក្នុង​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង។

សូម​បញ្ជាក់​ថាផ្សែង​នៃ​​ភ្លើង​ព្រៃ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំងដល់​សុខភាព ​ប្រមាណ​ពី ២ទៅ​១០​ដង ​លើ​ស​​ខ្យល់​ពុល​ក្នុង​បរិយាកាសធម្មតា។ ផ្សែង​មាន​ផ្ទុក​សមាសធាតុ​​​គីមីពុល​ កាបោន និង​ធាតុ​ល្អិត​និចល​ដ៏​តូច​ឆ្មារ ​ដែល​អាច​ជ្រៀត​ចូល​បាន​យ៉ាង​ជ្រៅ ​ទៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដក​ដង្ហើម។ ​ខ្យល់អាច​បក់​ផ្សែង​ភ្លើងឱ្យ​​រសាត់​បាន​ឆ្ងាយ​ ដល់​រាប់ពាន់​គីឡូម៉ែត្រ។

ដោយ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន ដូច​ជា​ឧទ្ធម្ភាគចក្រ​ យន្តហោះ និង​ឡានពន្លត់​អគ្គិភ័យ រាប់​សិប​គ្រឿង ​​ព្រមទាំងបញ្ចេញ​​កម្លាំង​កងទ័ពជាង ​១ ៥០០​នាក់​ មក​ជួយ​ធ្វើ​អន្តរាគមន៍ ​កង​ពន្លត់​អគ្គិភ័យ ហាក់​ចាប់ផ្តើម​គ្រប់គ្រង​ភ្លើង​ព្រៃ ​​បាននៅពេល​នេះ។ នេះ​បើ​តាម​ប្រសាសន៍ ​របស់​លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ នៅ​ថ្ងៃ​អង្គារ​ ទី​២៥​ ខែសីហា​។

ភ្លើង​ឆេះព្រៃ​នៅ​ឥណ្ឌូណេស៊ី​ ច្រើន​តែ​ឆាប​ឆេះ​ឡើង​ ដោយប្រពៃណី​​ដុត​កាប់ឆ្ការសម្អាត​ដី​កសិកម្ម តែបាតុភូត​អាកាសធាតុ​​អែលនីញ៉ូ បាន​មក​ពន្លឿន​​ភ្លើង​ព្រៃ​ ឱ្យ​កាន់​តែ​កំណាច​និងសន្ធោសន្ធៅ​ខ្លាំង។ នៅរវាង​ពី​ខែ​មករា​ ដល់​ខែកក្កដា ​​២០២៦​ ភ្លើង​បានឆាបឆេះព្រៃ​ឥណ្ឌូណេស៊ី​អស់​ជាង​២០ម៉ឺន​ហិកតា ពោល​គឺ​ច្រើន​ជាង​ការ​បាត់​បង់​ព្រៃ ​ក្នុង​ពេល​មាន​បាតុភូត​អែលនីញ៉ូ​កាល ពី​ឆ្នាំ​២០១៩ ដល់​២០២៣ ស្រេច​​ទៅហើយ។ អែលនីញ៉ូ ជា​បាតុភូត​ធម្មជាតិ​ ដែល​បូក​ផ្សំ ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ បាន​បង្ក​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​កម្លាំង​ខ្យល់ សម្ពាធ​បរិយាកាស និង​របប​ទឹកភ្លៀង ព្រមទាំងធ្វើ​ឱ្យ​ឥណ្ឌូណេស៊ី ​ត្រូវ​រង​ភាព​រាំងស្ងួត​ខ្លាំង​ ងាយរាលដាល​ទៅជា​​គ្រោះ​​ភ្លើង​ឆេះព្រៃ៕

អត្ថបទដែលជាប់ទាក់ទង